អត្ថបទ www.thmeythmey.com:អ្នកវិភាគនយោបាយឯករាជ្យលោក បណ្ឌិត កែម ឡី បានស្តីបន្ទោសចំៗឲ្យលោក សម រង្ស៊ី ថា ជាមនុស្សដែលមិនសូវចេះស្តាប់យោបល់របស់អ្នកដទៃ ពោលគឺយកតែគំនិតខ្លួនឯង។ លោកថា ប្រសិនបើថ្ងៃណាមួយលោក សម រង្ស៊ី មានឱកាសបានក្លាយជាមេដឹកនាំប្រទេសមែននោះរបៀបដឹកនាំរបស់លោក សម រង្ស៊ី នឹងផ្តាច់ការជាងលោក ហ៊ុន សែន ទៅទៀត។ ខាងក្រោមនេះជាបទសម្ភាសន៍រវាងលោក ជា ធីរិទ្ធ អ្នកយកព័ត៌មានឲ្យគេហទំព័រថ្មីៗ ជាមួយលោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យ។
លោក ជា ធីរិទ្ធ៖ លោក កែម ឡី យើងឃើញថា ស្ថានការណ៍នយោបាយហាក់ធូរស្រាលបន្តិច ដោយសារលោក សម រង្ស៊ី បានទូរសព្ទទៅ លោក ហ៊ុន សែន ជជែកគ្នា និងបានយល់ចិត្តគ្នាច្រើនផងដែរ។ ជាបឋមក្នុងនាមលោកជាអ្នកតាមដានរឿងនយោបាយ លោកយល់យ៉ាងណាដែរ ចំពោះជំហររបស់លោក សម រង្ស៊ី ពេលនេះ?
លោក កែម ឡី៖ ជារួមវាជាការល្អហើយ ចំពោះជំហរទន់ភ្លន់របស់លោក សម រង្ស៊ី ក៏ដូចជាអ្នកនយោបាយដែលចេះនិយាយគ្នា តែខ្ញុំមើលទៅជំហររបស់លោក សម រង្ស៊ី ដែលទន់យល់ស្របតាមលោក ហ៊ុន សែន ភាគច្រើនគឺមិនបានគិតពីផលប្រយោជន៍រួម ឬផលប្រយោជន៍សម្រាប់ប្រទេសជាតិទៅពេលអនាគតទេ។ មិនតែប៉ុណ្ណោះ ខ្ញុំមើលទៅនៅក្នុងការពិភាក្សាគ្នានោះ គឺដើម្បីតែផលប្រយោជន៍អ្នកនយោបាយទៅវិញទេ មិនមែនដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ឬតាមអ្វីដែលពលរដ្ឋចង់បាននោះឡើយ។
លោក ជាធីរិទ្ធ៖ ការយល់ចិត្តគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានធ្វើឡើងក្នុងពេលដែលលោក កឹម សុខា មិនមានវត្តមាននៅក្នុងប្រទេស។ លោក កែម ឡី លោកក៏បានដឹងពីការបដិសេធរបស់លោក កឹម សុខា មិនសូវយល់ស្របតាមជំហររបស់ លោក សម រង្ស៊ី ផងដែរ។ តើលោកវាយតម្លៃចំពោះឥរិយាបថនយោបាយរបស់លោក សម រង្ស៊ី បែបណាដែរ?
លោក កែម ឡី៖ ជារួមលោក សម រង្ស៊ី ជាមនុស្សដែលមិនសូវចេះស្តាប់យោបល់គេ ជាមនុស្សអត្តនោម័ត រឹងរួស ចចេះ គិតថាគំនិតខ្លួនឯងត្រូវរហូត របៀបធ្វើការគ្មានប្រជាធិបតេយ្យ អាកប្បកិរិយានយោបាយ ទង្វើនយោបាយ ល្អមើលតែពេលនិយាយប្រាប់គេ ប្រាប់ប្រជាពលរដ្ឋ តែការអនុវត្តជាក់ស្តែងគ្មាន។ ហើយខ្ញុំហ៊ាននិយាយថា ប្រសិនបើលោក សម រង្ស៊ី មិនព្រមកែប្រែប្រព័ន្ធដឹកនាំទេនោះ «បើបានក្លាយជាមេដឹកនាំ សម រង្ស៊ី ផ្តាច់ការជាង ហ៊ុន សែន ទៀត»។
លោក ជា ធីរិទ្ធ៖ ទៅពេលខាងមុខ លោក មើលឃើញទំនាក់ទំនងលោក កឹម សុខា និងលោក សម រង្ស៊ី យ៉ាងណាដែរ? ហើយថាតើលោកអត្ថាធិប្បាយបែបណា ចំពោះលោក កឹម សុខា ដែលគេមើលឃើញថា គឺជាឧសគ្គដែលអាចឲ្យការយល់ចិត្តគ្នារវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី បរាជ័យនោះ?
លោក កែម ឡី៖ យើងមានការព្រួយបារម្ភចំពោះ ទង្វើលោក សម រង្ស៊ី ខ្ញុំគិតថា លោក សម រង្ស៊ី គួរតែផ្លាស់ប្តូរឥរិបថធ្វើការ។ ចំពោះលោក កឹម សុខា ខ្ញុំគិតថាលោក កឹម សុខា មិនមែនជាមនុស្សរឹងទទឹងទេ តែ កឹម សុខា ជាមនុស្ស ដែលគិតផលប្រយោជន៍ជាតិ ផលប្រយោជន៍ពលរដ្ឋ ជាងប្រយោជន៍ខ្លួន និងបក្សពួកក្រុមគ្រួសារខ្លួន។ ជាងនេះ ខ្ញុំយល់ថា លោក កឹម សុខា ជាមនុស្ស ដែលមានវប្បធម៌ប្រជាធិបតេយ្យច្រើន តាមរយៈឥរិយាបថនយោបាយ និងទង្វើរបស់គាត់៕