អត្ថបទ និង រូបភាព RFI Khmer:
សំណុំរឿងអំពើហិង្សាលើក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែ លកើតឡើងកាលពីយប់មិញ នៅសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរចុះស៊ើបអង្កេត នៅព្រឹកថ្ងៃសៅរ៍ ទី៦កក្កដានេះ។
នៅព្រឹកថ្ងៃសៅរ៍ ទី៦កក្កដានេះ អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នតុលាការ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសុទ្ធតែមមាញឹក ដោយបានចុះទៅពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលថតនៅកន្លែងកើតហេតុ។ នេះបើតាមការឲ្យដឹងរបស់លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
មនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្បួនដង្ហែឃោសនារបស់គណបក្សសង្គ្រោះជាតិ និងសកម្មជនគាំទ្រគណបក្សប្រជាជននៅម្តុំផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ រហូតបណ្តាលឲ្យផ្ទុះអាវុធជាច្រើនគ្រាប់។ អំពើហិង្សាដោយការគប់ដុំថ្ម និងផ្ទុះអាវុធពេលឃោសនាបោះឆ្នោតនេះ កើតឡើងនៅពេលដែលគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដឹកនាំដោយលោក យឹម សុវណ្ណ បានដង្ហែក្បួនឃោសនា មកដល់ចំណុចកើតហេតុក៏ស្រាប់តែមានការប្រើហិង្សា ដោយការគប់ដុំថ្ម ដាក់គ្នា បណ្តាលឲ្យមនុស្ស ៣ នាក់រងរបួស។
គណបក្សសង្គ្រោះជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនចេញផ្សាយកាលពីថ្ងៃសុក្រ ទី៥កក្កដា បានប្រកាសថ្កោលទោសចំពោះការប្រើហិង្សាមកលើក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ។ សេចក្ដីប្រកាសព័ត៌មានដដែល បានសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ស៊ើបអង្កេតស្រាវជ្រាវឲ្យម៉ត់ចត់និងច្បាស់លាស់ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។
ទាំងអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាតំណាងគណបក្សសង្គ្រោះជាតិ មិនអាចសុំការពន្យល់បន្ថែមណាមួយអំពីសំណុំរឿងនេះបានទេ រហូតមកទល់នឹងព្រឹកថ្ងៃសៅរ៍នេះ៕