អត្ថបទ និង រូបភាព RFA Khmer:ប្រទេសកម្ពុជា មិនទាន់មានច្បាប់ដើម្បីការពារនាយករដ្ឋមន្ត្រីនៅក្រោយពេលខ្លួនធ្លាក់ពីអំណាចនៅឡើយទេ។ អ្នកវិភាគបានលើកឡើងថា មូលហេតុដែលកម្ពុជា មិនទាន់មានច្បាប់ការពារនាយករដ្ឋមន្ត្រីនៅក្រោយពេលអស់អំណាចនេះហើយ ដែលធ្វើឲ្យអ្នកដឹកនាំប្រទេសបច្ចុប្បន្នក្រាញនឹងតំណែងរបស់ខ្លួន ដោយសារខ្លាចពេលខ្លួនធ្លាក់ពីអំណាចទៅ ខ្លាចអ្នកដឹកនាំថ្មី ឬនាយករដ្ឋមន្ត្រីថ្មី សើរើនូវកំហុសរបស់ខ្លួន។ ម្យ៉ាងវិញទៀត ការបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីនៅក្រោយធ្លាក់ពីតួនាទីដើម្បីការពារសុវត្ថិភាពនាយករដ្ឋមន្ត្រីនេះ ដើម្បីធានាឲ្យនាយករដ្ឋមន្ត្រីធ្លាប់គ្រប់គ្រងប្រទេសនោះ មានប្រាក់បៀវត្សរ៍អាចរស់នៅក្នុងសង្គមបានសមរម្យ ទោះបីជាគ្មានតួនាទីក្ដី។
រដ្ឋធម្មនុញ្ញប្រទេសកម្ពុជា ត្រូវបានអ្នកនយោបាយប្រើប្រាស់ជាឧបករណ៍បម្រើគោលនយោបាយរបស់ខ្លួនក្នុងការសម្រេចទៅលើកិច្ចការអ្វីមួយ ដែលមហាជនមើលឃើញថា ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ពុំមានប្រសិទ្ធភាពនៅឡើយ។
ក្រុមអ្នកវិភាគបានលើកឡើងថា ថ្វីត្បិតតែកម្ពុជា មានច្បាប់ជាច្រើនរាប់រយច្បាប់ ដែលសភាបានអនុម័តដាក់ឲ្យប្រើប្រាស់នោះក្ដី ក៏ប៉ុន្តែ កម្ពុជានៅតែខ្វះច្បាប់នៅឡើយ គឺច្បាប់សម្រាប់គាំពារ ឬច្បាប់ការពារនាយករដ្ឋមន្ត្រីនៅក្រោយពេលធ្លាក់ពីអំណាច ឬច្បាប់ដើម្បីការពារនាយករដ្ឋមន្ត្រី នៅពេលខ្លួនលាលែងពីតួនាទីនោះ។
ការលើកឡើងដូច្នេះ នៅខណៈដែលកម្ពុជា កំពុងរៀបចំដំណើរការបោះឆ្នោតនីតិកាលទី៥ ដែលជាពេលវេលាមួយសម្រាប់ប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំថ្មី ដើម្បីបន្តវេនដឹកនាំប្រទេសក្រោយពេលបោះឆ្នោតនៅថ្ងៃទី២៨ កក្កដា ខាងមុខ។
អ្នកវិភាគឯករាជ្យនិងជាអ្នកសិក្សាស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាពិសេសរបស់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី១៥ កក្កដា ក្រោមប្រធានបទថា តើ ពេលលែងកាន់អំណាច ឬពេលអស់អំណាច អ្នកដឹកនាំខ្មែរគួរមានផែនការបែបណាដើម្បីអនុញ្ញាតអោយពួកគាត់អាចរស់នៅបានដោយថ្លៃថ្នូរ ជាវីរបុរសជាតិ ដោយសុវត្ថិភាព មិនភ័យព្រួយពីការសងសឹក ឬពីការធ្វើទុក្ខបុកម្នេញពីសំណាក់អ្នកឡើងកាន់អំណាចថ្មីនោះ?
លោក កែម ឡី បានបញ្ជាក់ថា មេដឹកនាំប្រទេស ប្រសិនបើដឹងខ្លួនឯងថា បានប្រព្រឹត្តខុសក្រោមការការដឹកនាំរបស់ខ្លួននោះ មេដឹកនាំនោះ នឹងមិនងាយចុះពីតំណែងនោះទេ។ ទោះបីជាយ៉ាងនេះក្ដី លោក កែម ឡី អះអាងថា ស្ថានភាពបច្ចុប្បន្ននេះ កម្ពុជាមិនទាន់ហួសពេលនោះទេក្នុងការបង្កើតច្បាប់សម្រាប់គាំពារនាយករដ្ឋមន្ត្រីនៅពេលចុះពីតំណែងនោះ។
ភ្ជាប់ទៅនឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា មេដឹកនាំបច្ចុប្បន្ន ភាគច្រើនប្រើប្រាស់ច្បាប់ជាឧបករណ៍តម្រូវនយោបាយរបស់ខ្លួន កម្ពុជាមិនទាន់ប្រើប្រាស់ច្បាប់ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពនោះឡើយ។ លោកបណ្ឌិត សុខ ទូច សង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា អនុវត្តច្បាប់ជាធំ ប្រជាពលរដ្ឋក្ដី អ្នកនយោបាយក្ដីដែលរស់នៅក្រោមច្បាប់នោះ មិនមានបញ្ហាអ្វីទេ តែការអនុវត្តច្បាប់នៅមានកម្រិតនៅឡើយនេះ នឹងធ្វើឲ្យអ្នកដឹកនាំថ្មីនោះ អាចនឹងសងសឹកទៅអ្នកដឹកនាំចាស់ក្រោយពេលធ្លាក់ពីតួនាទីនោះ។
ការលើកឡើងរបស់ក្រុមអ្នកវិភាគដូច្នេះ ដោយសារប្រទេសកម្ពុជា បានបន្សល់ដានប្រវត្តិសាស្ត្រមិនល្អជាច្រើនដល់មនុស្សជំនាន់ក្រោយ ពិសេសនៅក្នុងសម័យអតីតកាល កាផ្លាស់ប្ដូរមេដឹកនាំប្រទេសពីរបបមួយទៅរបបមួយ មិនធ្វើឡើងដោយការបោះឆ្នោតដោយសន្តិវិធីនោះទេ គឺដោយការធ្វើរដ្ឋប្រហារទម្លាក់ជាដើម។
សម័យសង្គមរាស្ត្រនិយមរបស់សម្ដេចព្រះ នរោត្តម សីហនុ កាលពីទសវត្ស៦០ ព្រះអង្គត្រូវព្រះអនុជជីដូនមួយរបស់ព្រះអង្គ គឺទ្រង់ ស៊ីសុវត្ថិ សិរិមតៈ រួមជាមួយនឹងលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់នៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ ក្រោយនោះ ព្រះអង្គក៏ត្រូវឃ្លាតឆ្ងាយពីមាតុប្រទេសទៅជ្រកកោននៅប្រទេសផ្សេងៗ ហើយបន្ទាប់មកក៏ក្លាយជាអ្នកទោសខ្មែរក្រហមរស់នៅព្រាត់ប្រាសបែកបាក់បុត្រា បុត្រី និងសាច់សាលោហិត ព្រមទាំងទទួលរបបអាហារប្រចាំថ្ងៃដែលពួកខ្មែរក្រហមកំណត់ឲ្យមិនស័ក្ដិសមជាអតីតព្រះមហាក្សត្រ និងជាមេដឹកនាំមួយរូបដែលដណ្ដើមឯករាជ្យពេញលេញជូនប្រជាជាតិព្រះអង្គនោះទេ។
លោកសេនាប្រមុខ លន់ នល់ ខ្លួនឯង ក៏ត្រូវរត់ផាសក្រញាំចោលស្រុក ពេលដែលពួកខ្មែរក្រហមដណ្ដើមភ្នំពេញ បាន។ អតីតមេដឹកនាំសាធារណរដ្ឋខ្មែរមួយនេះ ទីបំផុតក៏ស្លាប់នៅបរទេស ដោយប្រជាពលរដ្ឋខ្មែរស្ទើរតែទាំងអស់មិនបានដឹងថា ស្លាប់នៅទីណា ដោយសារអ្វីផងទេ?
ពួកមេដឹកនាំខ្មែរក្រហមដែលដណ្ដើមអំណាចបន្តពីសេនាប្រមុខ លន់ នល់ ក៏ត្រូវវៀតណាម និងក្រុមលោក ហេង សំរិន វាយខ្ចាត់ខ្ចាយរត់បះជើង ហើយទីបំផុតក៏ស្លាប់កណ្ដាលព្រៃ ហើយសពត្រូវគេដុតនឹងសំបកកង់ឡានដ៏គួរអោយអាណោចអាធ័ម។ មេដឹកនាំ ខ្មែរក្រហមដែលមិនទាន់ស្លាប់ ក៏ត្រូវចាប់ខ្លួនយកមកកាត់ទោស មួយថ្ងៃៗនៅក្នុងរង្វង់ក្រចកសេះនៃសាលាក្ដីខ្មែរក្រហមជាដើម។
រហូតមកដល់សម័យបច្ចុប្បន្ននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចជិត ៣០ឆ្នាំហើយ ហើយលោកប្រកាសថា នឹងកាន់អំណាចជាច្រើនឆ្នាំបន្តទៀត។ លោកក៏ត្រូវគេចាត់ទុកថា ជាបុរសខ្លាំង ជាអ្នកដឹកនាំឈ្លាសវៃ មានយុទ្ធសាស្ត្រខ្ពស់ជាដើម។ យ៉ាងនេះក្ដី គេមិនទាន់ដឹងនៅឡើយទេថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចជាប់ឆ្នោតទៀតនៅពេលខាងមុខ ឬយ៉ាងណានៅឡើយទេ?
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានពន្យល់ថា អ្នកនយោបាយគ្មានអមតៈនោះទេ ពោលគឺគ្មានមេដឹកនាំណាដឹកនាំប្រទេសអស់មួយជីវិតនោះឡើយ។ បញ្ហានេះហើយ រដ្ឋាភិបាលត្រូវគិតគូរក្នុងការបង្កើតច្បាប់ ដើម្បីការពារសុវត្ថិភាពនាយករដ្ឋមន្ត្រីដែលធ្លាក់ពីអំណាច និងដើម្បីការពារស្ថិរភាពសង្គម។
អ្នកជំនាញផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានផ្ដល់អនុសាសន៍ទៅរដ្ឋាភិបាល ដើម្បីកុំឲ្យការដឹកនាំរបស់ខ្លួនកាន់តែមានកំហុសនោះ គឺមុននឹងរដ្ឋាភិបាលធ្វើសេចក្ដីសម្រេចចិត្តទៅលើរឿងអ្វីមួយ ត្រូវមានភាគីបួនចូលរួមប្រជុំ។ ទី១ អ្នកនយោបាយ ទី២ អ្នកបច្ចេកទេស ទី៣ អ្នកសិក្សាស្រាវជ្រាវ និងទី៤ តំណាងប្រជាពលរដ្ឋ។
ក្រុមអ្នកវិភាគបានលើកឡើងថា រដ្ឋាភិបាលដឹកនាំប្រទេសកន្លងមក ពិសេសការអនុម័តច្បាប់មិនបានធ្វើការសិក្សាស្រាវជ្រាវ ឬធ្វើប្រជាមតិពីប្រជាពលរដ្ឋច្បាស់លាស់ទេ រួមមានកាលពីពេលថ្មីៗនេះ សភាបានអនុម័តច្បាប់ប្រឆាំងនឹងអ្នកនិយាយថា កម្ពុជាគ្មានរបបខ្មែរក្រហមត្រូវមានទោស ច្បាប់ឯកពន្ធនភាពជាដើម។ អ្នកវិភាគបញ្ជាក់ថា បង្កើតច្បាប់ដោយធ្វើប្រជាមតិជាមុននោះ ធ្វើឲ្យការអនុវត្តច្បាប់នោះមានប្រសិទ្ធភាព ពីព្រោះច្បាប់នោះ មានការទទួលស្គាល់ពីប្រជាពលរដ្ឋ។
លើសពីនេះទៀត ដើម្បីការពារកុំឲ្យមានហានិភ័យកើតមានចំពោះនាយករដ្ឋមន្ត្រីដឹកនាំប្រទេសកន្លងមកនោះ រដ្ឋាភិបាលត្រូវធ្វើប្រជាមតិក្នុងការបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រី ដែលជាច្បាប់មួយចាំបាច់ កម្ពុជាត្រូវតែមាន។ ការធ្វើច្បាប់នេះ កុំឲ្យដានប្រវត្តិសាស្ត្រអាក្រក់វិលត្រឡប់មកសង្គមកម្ពុជា ជាថ្មីម្ដងទៀត ដោយមេដឹកនាំប្រទេសដែលមានឋានន្តរសក្ដិខ្ពង់ខ្ពស់ មានការគោរព ទីបំផុតត្រូវចាប់ខ្លួន ហើយក្លាយទៅជាអ្នកទោសទៀតជាដើម៕

