អត្ថបទ និង រូបភាព RFA khmer:
សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសមួយឲ្យគណបក្សនយោបាយទាំងអស់ប្រុងប្រយ័ត្នចំពោះសកម្មភាពមិនត្រឹមត្រូវ ដោយសារមានយុវជនមួយចំនួនបានឆ្លៀតឱកាសយកអាវ និងមួករបស់គណបក្សនយោបាយ ទៅប្រព្រឹត្តអំពើអនាធិបតេយ្យរំខានដល់អ្នកដទៃ។
សាលារាជធានីភ្នំ ពេ ញ បានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ គ្រប់គ្រង និងណែនាំសមាជិកដង្ហែក្បួនឃោសនាឲ្យបានត្រឹមត្រូវ ជៀសវាងការប៉ះទង្គិច នាំឲ្យមានជម្លោះសាធារណៈក្នុងពេលហែក្បួន។ ការណែនាំរបស់សាលារាជធានី នេះ កើតមានស្របពេលដែលក្រុមអ្នកវិភាគមួយចំនួនមើលឃើញថា ការចូលរួមរបស់យុវជននឹងធ្វើឱ្យមានការផ្លាស់ប្ដូរនៃលទ្ធផលបោះឆ្នោតខាងមុខនេះ។ ក៏ប៉ុន្តែ ក្រុមយុវជនទំនើងមួយចំនួនបានឆ្លៀតឱកាសអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ដោយពាក់អាវ ឬមួកគណបក្សនយោបាយទៅបើកបរយ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវ មានចរិតប៉ុនប៉ងញុះញង់បង្កភាពរញ៉េរញ៉ៃ ដែលអាចបណ្ដាលឱ្យមានកំហឹងអាចបង្កជាអំពើហិង្សា និងការប៉ះទង្គិចរវាងសកម្មជនគណបក្សនយោបាយមួយ ជាមួយគណបក្សមួយផ្សេងទៀត។
នៅក្នុងសេចក្តីជូនដំណឹងមួយរបស់សាលារាជធានីភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ចុះហត្ថលេខា និងបោះត្រាដោយលោកអភិបាលក្រុង ប៉ា សុជាតិវង្ស បានរកឃើញថា មានគណបក្សនយោបាយខ្លះបានល្មើសទៅនឹងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ ដោយបំពានទៅលើច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលជួបជុំគ្នា និងពេលហែក្បួនឃោសនាតាមដងផ្លូវ។
ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញ ក៏បានសរសើរដល់គណបក្សនយោបាយ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមរក្សាបរិយាកាសឃោសនាបោះឆ្នោតឱ្យប្រព្រឹត្តទៅបានដោយរលូតក្នុងរយៈកាលដំបូងនេះ។
យ៉ាងណាក៏ដោយ ក៏សេចក្តីប្រកាសនេះបានស្នើឱ្យគណបក្សនយោបាយ មន្ត្រីសមត្ថកិច្ច ឱ្យចូលរួមបន្តរក្សានូវស្ថានភាពឃោសនារកសំឡេងឆ្នោតឱ្យប្រសើរថែមទៀត។ សាលារាជធានី សំណូមពរឱ្យគណបក្សនយោបាយនីមួយៗ គ្រប់គ្រងសកម្មជនបក្សរបស់ខ្លួនឱ្យមានចរិតថ្លៃថ្នូរ និងត្រូវផ្តល់ដំណឹងដល់សាលាក្រុងឱ្យបានចំនួនបីថ្ងៃមុន មុននឹងចេញប្រមូលផ្តុំ ឬហែក្បួនឃោសនា។
សេចក្តីជូនដំណឹងនេះបានបន្តថា អាជ្ញាធរខណ្ឌ សង្កាត់ និងកម្លាំងសមត្ថកិច្ច ត្រូវចូលរួមទប់ស្កាត់ចំពោះគ្រប់សកម្មភាព និងរូបភាពឃោសនាទាំងឡាយណាដែលមានចរិតញុះញង់ ឬចេតនាធ្វើឱ្យមានភាពល្អក់កករដល់បរិយាកាសនៃយុទ្ធនាការឃោសនាបោះឆ្នោត។
លោក ឈាន វុន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍យល់ស្របនឹងសេចក្តីជូនដំណឹងនេះ ដោយបានលើកឡើងថា វានឹងជួយឱ្យយុវជនមានការប្រុងប្រយ័ត្នជាងមុន និងចៀសវាងប្រព្រឹត្តនូវអំពើពុំគប្បីនានា។ លោកថា យុវជនដែលល្មើសនឹងច្បាប់ចរាចរណ៍ មិនត្រឹមតែបង្កឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កគ្រោះថ្នាក់នោះទេ តែវាក៏ធ្វើឱ្យខូចដល់មុខមាត់របស់គណបក្សនោះផងដែរ។
តំណាងគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានសាទរទៅនឹងសេចក្តីណែនាំខាងលើ ក៏ប៉ុន្តែអ្នកស្រីព្រួយបារម្ភថា សេចក្តីប្រកាសនេះអាចជាលេសមួយកម្រិតយុវជនមិនឱ្យក្លាហានក្នុងការចូលរួមឃោសនាបោះឆ្នោត។
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានគាំទ្រនឹងសំណូមពររបស់សាលារាជធានីដែរ ដោយលោកអះអាងថា យុវជនពុំគួរណាឆ្លៀតឱកាសយកពេលឃោសនាបោះឆ្នោតមកបំពានបើកបរលើសល្បឿន ឬវ៉ាជែងគ្នានោះទេ៕