អត្ថបទ និង រូបភាព RFA Khmer:
លោក ហ៊ុន សែន បានព្រមានចំពោះគម្រោងធ្វើបាតុកម្មទាំងឡាយណាដែលប្រឆាំងនឹងលទ្ធផលឆ្នោត។ លោកបានគំរាមប្រើវិធីមានបាតុកម្មគាំទ្រ ប្រឆាំងបាតុកម្មតវ៉ាទៀតផង។ ស្របពេលគ្នានេះដែរ លោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋកុំឲ្យចាប់អារម្មណ៍នឹងបញ្ហានេះ និងត្រូវគេចចេញឲ្យឆ្ងាយពីក្បួនបាតុកម្ម ហើយងាកមកយកចិត្តទុកដាក់ការពារទ្រព្យសម្បត្តិរបស់ខ្លួនប្រសើរជាង។
ទោះបីមានការបញ្ជាក់យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល នៅតែមានក្តីព្រួយបារម្ភខ្លាចមានចលនាបាតុកម្មបង្ក្រាបបាតុកម្ម ប្រសិនបើការចរចារកដំណោះស្រាយនយោបាយរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ឈានដល់ផ្លូវទាល់ច្រកនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ពីខេត្តកណ្ដាល នៅថ្ងៃសុក្រ ទី២ សីហា ថា សូមឲ្យប្រជាពលរដ្ឋពិចារណាមុនចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសនៅពេលខាងមុខ។
លោកមានប្រសាសន៍នេះ សំដៅជាពិសេសដល់អ្នកភ្នំពេញ ដែលគួរគិតគូរពីបញ្ហាចូលរួមធ្វើបាតុកម្មនេះមុនគេ ពីព្រោះការចូលរួមនេះនឹងផ្តល់ឱកាសដល់ក្រុមចោរកម្ម និងខាតប្រយោជន៍ដល់ការរកស៊ីប្រចាំថ្ងៃទៀតផង។ លោកបានបង្ហើបពីលទ្ធភាពកើតមានបាតុកម្ម ចេញពីអ្នកដែលគាំទ្រលទ្ធផលបោះឆ្នោតប្រឆាំងជាមួយបាតុកម្មរបស់អ្នកបដិសេធន៍លទ្ធផលបោះឆ្នោត។
ការប្រកាសរបស់ លោក ហ៊ុន សែន បែបនេះក្រោយពីមេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយសារគណបក្សនេះរកឃើញមានភាពមិនប្រក្រតីជាច្រើនករណីកើតឡើងនៅថ្ងៃបោះឆ្នោត ហើយថា បើពុំមានការដោះស្រាយណាមួយដែលធានានូវភាពត្រឹមត្រូវ យុត្តិធម៌ ដែលអាចទទួលយកបាននោះទេ នឹងមានការតវ៉ា ឬមហាបាតុកម្មទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងភាពមិនប្រក្រតី ឬការលួចបន្លំសន្លឹកឆ្នោត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃសុក្រ ទី២ សីហា បានប្រតិកម្មទៅនឹងការអំពាវនាវរបស់ លោក ហ៊ុន សែន នោះ។
ទាក់ទងបញ្ហានេះ មន្ត្រីសង្គមស៊ីវិល បានសម្ដែងក្តីព្រួយបារម្ភចំពោះស្ថានការណ៍ក្រោយការបោះឆ្នោត ដោយខ្លាចកើតមានភាពចលាចល ឬអំពើហិង្សាណាមួយ ដែលពិបាកនឹងគ្រប់គ្រងស្ថានការណ៍នោះបាន បើទោះជាមានការអះអាងពី លោក ហ៊ុន សែន យ៉ាងណាក៏ដោយចុះ។
លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា បើសិនជាមានកំសួលនៃការងើបឡើងពីមជ្ឈដ្ឋាននានាក្នុងប្រទេស ដើម្បីប្រឆាំងនឹងភាពមិនប្រក្រតីនៃលទ្ធផលឆ្នោត ហើយបើមានមួយក្រុមទៀតប្រឆាំងតប ដោយមានអ្នកនយោបាយឈរនៅពីក្រោយខ្នងនោះ អាចនឹងធ្វើឲ្យស្ថានការណ៍នយោបាយកាន់តែតានតឹង និងអាចមានភាពច្របូកច្របល់មួយក្នុងប្រទេស។
ប៉ុន្តែ ទោះយ៉ាងណា លោកថា សារនយោបាយខ្លះរបស់មេដឹកនាំ គ្រាន់តែជាការគំរាមគ្នាទៅវិញទៅមក ដើម្បីយកប្រៀបលើការចរចាក្នុងការដោះស្រាយជម្លោះប៉ុណ្ណោះ។
នៅថ្ងៃសុក្រ ទី២ សីហា លោក ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា លោកពុំបានគាំទ្រ ឬស្នើឲ្យបង្កើតគណៈកម្មការឯករាជ្យថ្មីណាមួយ ដើម្បីស៊ើបអង្កេតទៅលើភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា នោះ ក្រៅពីអ្វីដែលមានស្រាប់ហើយ បានចែងនៅក្នុងច្បាប់ ហើយបើសិនជាមានការបង្កើតក្រុមស៊ើបអង្កេតណាមួយនោះ ត្រូវតែស្ថិតនៅក្រោមឆ័ត្រ គ.ជ.ប ឬ គ.ជ.ប ជាអ្នកដឹកនាំ។
ទោះយ៉ាងណាក្តី ស្របពេលគ្នានេះដែរ លោក ហ៊ុន សែន ក៏បានអំពាវនាវឲ្យពលរដ្ឋផ្អាកនិយាយពីការឈ្នះចាញ់របស់បក្សនយោបាយណាមួយ ហើយក៏កុំឲ្យមានការប្រកាន់ពណ៌សម្បុរគណបក្ស ដែលនាំឲ្យឈានទៅដល់ការបែកបាក់ក្នុងគ្រួសារក្នុងសហគមន៍ រហូតដល់ជាតិទាំងមូលនោះ៕