ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


មេ​បញ្ជា​ការ​យោ​ធា​ត្រូវ​​​បាន​តែង​តាំ​ង​ជា​អភិបាល​ខេត្ត​កំពង់​ឆ្នាំង

អត្ថបទ និង រូបភាព www.postkhmer.com: 
កំពង់ឆ្នាំងៈ មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិការ​សឹក​រង​ ខេត្ត កំពង់​ឆ្នាំង ​ត្រូវ​បាន​ដំឡើង​ឋានៈ ទៅជា​​អភិ​បាល​​ខេត្ត​ កំពង់​ឆ្នាំង​ ជំនួស​តំណែង លោក ទូច ​ម៉ារីម ​ដែល​បាន​ទទួល​មរណភាព ​ដោយ​សារ​ជំងឺ​មហារីក កាល​​ពី​សប្ដាហ៍​មុន​​។ យោង​តាម​ព្រះ​រា​ជ​ក្រឹត្យ ​របស់​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី ចុះថ្ងៃ​ទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​ ២០១៣​ ថ្មីៗនេះ​ បាន​ឲ្យ​ដឹង​ថា ​លោក ឧត្ដម​សេនីយ៍​ត្រី​ ឈួរ ​ច័ន្ទ​ឌឿន​ ​មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការសឹក​រង​ ខេត្ត កំពង់​ឆ្នាំង​ ត្រូវ​តែង​តាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ មាន​ឋានន្តរ​ស័ក្តិ​ជា​ឧត្ដម​មន្ត្រី​​ថ្នាក់​ទី​៥ ​​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​។ លោក​វរសេនីយ៍​ត្រី ​ហេង ​សំអុន ​ប្រធាន​នគរ​បាលស្ថិតិ​ ខេត្ត កំពង់​ឆ្នាំង​បាន​​ឲ្យ​ដឹង​ថា លោក​ឧត្ដម​សេនីយ៍​ត្រី​ ឈួរ ​ច័ន្ទ​ឌឿន ​គឺ​ជា​មេ​បញ្ជា​ការ​យោធា​​ជើង​ចាស់​មួយ​រូប​ គួរ​ឲ្យ​គោរព​ និង​មាន​បទ​ពិសោធ​ពហុវិស័យ​នៅ​ក្នុង​ខេត្ត​នេះ​។ លោក​បានចូល​ធ្វើ​ទាហាន​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។ លោក​បាន​​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា៖«​ខ្ញុំ​សូម​កោត​សរ​សើរ​ចំពោះ​ការ​ដំឡើង​ឋានន្តរ ​ស័ក្តិ​នេះ។ ខ្ញុំ​គិត​ថា ​ការ​ដំឡើង​ឋានៈ​ជា​អភិ​បាល​ខេត្ត​នេះ​ គឺ​ស័ក្តិសម​នឹង​សមត្ថ​ភាព​របស់​គាត់​​ខ្លាំង​ណាស់​ ព្រោះ​​គាត់​​គឺជា​មេ​បញ្ជា​ការ​មួយ​​រូប​គួរ​ឲ្យ​គោរព​ និង​មាន​បទ​ពិសោធ​ច្រើន ហើយ​បាន​ចូល​បម្រើ​ក្នុង​ជួរ​ទាហាន​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​»។ លោកបាន ​​ឲ្យ​ដឹង​ទៀត​​ថា ​ការ​តែង​តាំង​​​លោក​ឧត្ដម​សេនីយ៍​ត្រី​ ឈួរ ​ច័ន្ទ​ឌឿន ​ជា​អភិ​បាល​ខេត្ត កំពង់​ឆ្នាំង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោម​អធិបតី​ភាព​ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ​ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ ​និង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ គង់ សំអុល ​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ នៅ​ក្នុង​ខេត្ត កំពង់​ឆ្នាំង​ដែល​បាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​​សុក្រ​​។ នៅ​ក្នុង​ពិធី​តែង​តាំង​នោះ​ លោកវរ​សេនីយ៍​ឯក ​ធន់ ​ធឿន ​ជា​នាយ​សេនា​ធិការ ​ និង​ជា​​មេ​បញ្ជា​ការតំបន់​ប្រតិបត្តិ​​ការសឹក​រង​ខេត្ត កំពង់​ឆ្នាំង​ក៏​ ត្រូវ​បាន​តែង​តាំង​ជា​មេ​បញ្ជា​ការ​យោធា​នៅ​ក្នុង​ខេត្ត​នេះ​ផង​​ដែរ។ ​ លោក ទូច ​ម៉ារីម ​អាយុ​ ៥៧​ ឆ្នាំ ​អ​ភិបាល​ខេត្ត កំពង់​ឆ្នាំង​ និង​ជា​ទី​ប្រឹក្សា​ផ្ទាល់​របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​​ ហ៊ុន ​សែន ​​បាន​ទទួល​មរណ​ភាព​​ ដោយ​ជំងឺ​មហារីក​កាល​ពី​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៣​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes