ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


រដ្ឋា​ភិបាល​លើក​ឡើង​ពី​ការ​ប្រឹង​ប្រែង​ខណៈ​ដែល​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ថា​នៅ​មាន​កង្វះ​ខាត​ទាក់​ទង​ទៅ​នឹង​ការ​ជួយ​ដល់​កុមារ​

អត្ថបទ និង រូបភាព www.khmer.rfi.fr: រដ្ឋា​ភិបាល​កម្ពុជា​នៅ​ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​សិទ្ធិ​កុមារ​អន្តរ​ជាតិ ​១​មិ​ថុនា​ ខួប​លើក​ទី​៦៥​ និង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ​លើក​ទី​១៣​ ថ្ងៃ​ទី​១២​មិថុនា​ បាន​លើក​ឡើង​ពី​ការ​ប្រឹង​ប្រែង​ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ​ និង​បញ្ហា​មួយ​ចំនួន​ទៀត​។ ជា​មួយ​គ្នា​នេះ ​អង្គការ​សង្គម​ស៊ីវិល​ថ្លែង​ថា​ នៅ​មាន​ចំណុច​អវិជ្ជមាន​ជា​ច្រើន​ទៀត​ ដែល​កុមារ​ទទួល​រង​នៅ​ក្នុង​សង្គម​។​




សេចក្តីរាយការណ៍របស់ ញឹម សុផល
(02:18)








នៅ​ក្នុង​ឱកាស​នៃ​ទិវា​សិទ្ធិ​កុមារ​អន្តរ​ជាតិ​១​មិថុនា ​ខួប​លើក​ទី​៦៥ ​និង​ទិវា​ពិភព​លោក​ លើក​ទី ​១៣​ប្រឆាំង​ពលកម្ម​កុមារ​ដែល​បាន​កំណត់​នៅ​ថ្ងៃ​ទី​១២​មិថុនា ​មន្ត្រី​រដ្ឋាភិបាល​និង​អង្គការ​ សង្គម​ស៊ីវិល ​បាន​សម្តែង​នូវ​ការ​អប​អរ​និង​ប្រារព្ធ​ទិវា​នេះ​ទៅ​តាម​ពេល​វេលា ​ទី​កន្លែង​របស់​គេ ​រៀង​ៗ​ខ្លួន​។​ នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​អប​អរ​មួយ​កាល​ពី​ព្រឹក​មិញ​នៅ​ឯ​មជ្ឈ​មណ្ឌល​កំសាន្ត​កោះ​ពេជ្រ​ដែល​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​សិស្សា​នុ​សិស្ស​ផង​នោះ ​លោក​ស្រី​ឧបនាយក​រដ្ឋ​មន្ត្រី​ ម៉ែន​សំអន​​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​និ​ង​អធិការកិច្ច​ បាន​ថ្លែង​លើក​សរសើរ​ដល់​ក្រុម​ប្រឹក្សា​ជាតិ​ស្តី​ពី​កុមារ ​និង​អង្គការ​ដៃ​គូ​ពាក់​ព័ន្ធ​ឯ​ទៀត​ ដែល​បាន​ប្រឹង​ប្រែង​ជួយ​ដល់​កុមារ​កម្ពុជា​ឲ្យ​មាន​ស្ថានភាព​កាន់​តែ​ប្រសើរ​ឡើង​។ ​លោក​ស្រី ​ម៉ែន​ សំអន​ ថ្លែង​ដូច្នេះ​សំដៅ​ទៅ​ដល់​ការ​ធ្វើ​ឲ្យ​កុមារ​ចៀស​ផុត​ពី​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​និង​ការ​រំលោភ​បំពាន​សិទ្ធិ​របស់​កុមារ​ ព្រម​ទាំង​ការ​ដក​ហូត​កុមារ​ពី​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ​ ទៅ​កាន់​ សា​លា​រៀន​ជា​ដើម​។ ​ លោក​ស្រី ​ស៊ីម​​ ស៊ូ​យាង​ នាយិការ​ប្រតិបត្តិ​អង្គការ​ការពារ​យុត្តិធម៌​កុមារ​ បាន​ឯកភាព​ទៅ​នឹង​ ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ នេះ​បើ​និយាយ​ពី​ទិដ្ឋភាព​ទូទៅ។​ ការ​ពោល​ ដូច្នេះ​ក៏​ដោយ​សារ​តែ​មាន​ចំណុច​ប្រសើរ​ខ្លះ​ៗ ​ដូច​ជា​កុមារ​ដែល​មាន​ទំនាស់​ខាង​ផ្លូវ​ច្បាប់​កាល​​ពី​មុន ​កុមារ​ត្រូវ​ទទួល​រង​គ្រោះ​ផ្ទួន​ៗ​ពី​ការ​វាយ​ដុំ​ចាប់​ពី​មហាជន​រហូត​ដល់​សមត្ថកិច្ច​ទំរាំ​ ដល់​បញ្ជូន​ដល់​តុលាការ​។ ​តែ​ពេល​នេះ​កុមារ​ចាប់​ផ្តើម​មាន​មេ​ធាវី​ការពារ​ នៅ​ពេល​ដែល​គេ ​ប្រ​ឈម​មុខ​នឹង​ផ្លូវ​ច្បាប់​។ ដោយ​ឡែក​ស្ថានភាព​កុមារ​ដែល​រង​នូវ​ការ​រំលោភ​សេព​សន្ថ​វៈ​ជាពិសេស​នៅ​ក្នុង​គ្រួសារ​នៅ​តែ​មាន​សភាព​ព្រួយ​បារម្ភនៅ​ឡើយ ​ដោយ​សារ​តែ​មាន​ការ​សម្រួល​គ្នា​ជា​ច្រើន​ករណី​ទាក់​ទង ​ទៅ​នឹង​បញ្ហា​នេះ។​ លោក​ស្រី ​ស៊ូយាង ​កត់​សម្គាល់​បន្ត​ថា ​ការ​ជួញ​ដូរ​កុមារ​និង​ អនីតិជន​នៅ​តែ​មិន​អាច​ដា​ក់ទោស​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​ដែល​មាន​ខ្នង​បង្អែក​ លើស​ពី​នេះ​ក៏​មាន​ការ​គំរាម​កំហែង​លើ​បុគ្គលិក​បំរើ​ការងារ​នេះ​ដែរ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ នៅ​ក្នុង​សារ​លិខិត​របស់​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៨ ​ឧសភា ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​រួម​គ្នា​ដើម្បី​អនុវត្ត​ អនុ​សញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ ​ដើម្បី​ឧត្តម​ប្រយោជន៍​របស់​កុមារ​៕ TAGS: កម្ពុជា - សង្គមស៊ីវិល - សិទ្ធិមនុស្ស

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes