ad468x60
អនុសាសន៍សម្ដេចតេជោ«ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍», «បើស្រវឹង កុំបើកបរ»
VOA
norodomsihamoni
norodomsihamoni
ព័ត៌មានថ្មីៗ:


ទូត​អាមេរិក​ប្រារព្ធ​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​២៣៧

អត្ថបទ និង រូបភាព RFA Khmer: 
ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំលឹក​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី២៣៧ របស់​ខ្លួន​នា​ទីក្រុង​ភ្នំពេញ ដោយ​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា មន្ត្រី​សង្គម​ ស៊ី វិល សិស្ស​និស្សិត និង​ជនជាតិ​អាមេរិកកាំង ចូលរួម​រាប់​ពាន់​នាក់។ នៅ​ក្នុង​ពិធី​នោះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក បាន​ប្ដេជ្ញា​ចិត្ត​នឹង​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា រីក​ចម្រើន និង​ប្ដេជ្ញា​ជួយ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា នា​ថ្ងៃ​អនាគត។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) មាន​ប្រសាសន៍​តាម​រយៈ​សំឡេង​បកប្រែ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៦ ខែ​កក្កដា នា​ស្ថានទូត​ក្រុង​ភ្នំពេញ បាន​សាទរ​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី២៣៧ របស់​សហរដ្ឋ​អាមេរិក ពេល​នេះ។ នៅ​ក្នុង​ពិធី​ដែល​មាន​ការ​ប្រគំ​តន្ត្រី​សម័យ និង​មាន​ស្តង់​លក់​ដូរ​ម្ហូប​អាហារ​គ្រប់​មុខ​ដល់​ភ្ញៀវ​ចូលរួម ទទួល​ទាន​យ៉ាង​គគ្រឹកគគ្រេង​ផង​នោះ លោក វីល្លៀម បាន​ឲ្យ​ដឹង​ថា បុណ្យ​ឯករាជ្យ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​សេចក្តី​ប្រកាស​ឯករាជ្យ​នា​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​១៧៧៦។ គ្រា​នោះ អាមេរិក បាន​បង្ហាញ​នូវ​ទស្សនទាន​បែប​បដិវត្តន៍​មួយ ដែល​ថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​ការ​ស្វែង​រក​សុភមង្គល។ ហើយ​ថា អំណាច​ដែល​ពួក​គេ​ទទួល​បាន គឺ​កើត​ចេញ​ពី​ការ​ឯកភាព​របស់​ប្រជាជន។ ដូច្នេះ ថ្ងៃ​នេះ​យើង​ទាំងអស់​គ្នា​អបអរ​សាទរ​នូវ​ឧត្តមគតិ និង​គោលការណ៍​ទាំង​នោះ។ លោក វីល្លៀម បាន​បន្ត​ថា ឆ្នាំ​នេះ​គឺ​ជា​ខួប​ទី​២០​ឆ្នាំ នៃ​ការ​បើក​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ​ឡើង​វិញ។ ហើយ​ថា រយៈពេល ២០​ឆ្នាំ​មក​នេះ សហរដ្ឋ​អាមេរិក នៅ​តែ​រក្សា​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​ឲ្យ​ជីវភាព​ប្រជាជន​កម្ពុជា មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង។ លោក​ថា រយៈពេល ២​ទសវត្ស​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក បាន​ផ្តល់​ជំនួយ​ជាង ១​ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា។ លើស​ពី​នេះ ជា​រៀង​រាល់​ឆ្នាំ បណ្ដា​អង្គការ និង​ប្រជាជន​អាមេរិក បាន​ផ្តល់​ជំនួយ​សប្បុរស​ជាច្រើន​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា ឲ្យ​មាន​សុខភាព​កាន់​តែ​ប្រសើរ ទទួល​បាន​ការ​អប់រំ​ប្រសើរ​ជាង​មុន និង​មាន​ផលិតភាព​ខ្ពស់។ តាម​រយៈ​សំឡេង​អ្នក​បកប្រែ​ភាសា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា ច្រើន​ឆ្នាំ​មក​នេះ ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក ចំពោះ​កម្ពុជា បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា កាន់​តែ​រឹងមាំ និង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា ជាច្រើន​លាន​នាក់​តាម​រយៈ​ការ​ពង្រឹង​ចំណង​ទាក់ទង​សេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ។ ហើយ​ថា សហរដ្ឋ​អាមេរិក នឹង​បន្ត​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវភាព​ប្រជាជន​កម្ពុជា កាន់​តែ​ប្រសើរ​ឡើង​នា​ថ្ងៃ​ខាង​មុខ។ លោក វីល្លៀម ថត សង្កត់​ធ្ងន់​ថា ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នេះ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី៦ ខែ​កក្កដា លោក​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជករ​កម្ពុជា មួយ​ក្រុម​ធំ ទៅ​កាន់​សហរដ្ឋ​អាមេរិក ដើម្បី​លើក​ទឹក​ចិត្ត​វិនិយោគិន​អាមេរិក មក​ដាក់​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា បន្ថែម​ទៀត។ នៅ​គ្រា​សហរដ្ឋ​អាមេរិក បាន​ប្ដេជ្ញា​ចិត្ត​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា រីក​ចម្រើន លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ក៏​មាន​ការ​ប្ដេជ្ញា​ចិត្ត​ថា អាមេរិក នឹង​ជួយ​ជំរុញ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន​នា​ថ្ងៃ​អនាគត។ ព្រោះ​សហរដ្ឋ​អាមេរិក មាន​គោល​បំណង​ជួយ​ដល់​ប្រទេស​កម្ពុជា និង​គាំទ្រ​ដល់​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា ឲ្យ​ទទួល​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​មួយ​ដ៏​រឹងមាំ ដែល​ការពារ​ដល់​សេរីភាព​បុគ្គល ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ទាំងអស់​គ្នា។ លោក វីល្លៀម ថត បាន​រំលឹក​ដល់​ប្រសាសន៍​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចន ខេនណឺឌី (John F. Kennedy) មក​ជម្រាប​ថា យើង គឺ​លោក​ចង់​សំដៅ​ទៅ​លើ​ជនជាតិ​អាមេរិកកាំង ឲ្យ​ក្រោក​ឈរ​ឡើង​ដើម្បី​សេរីភាព។ នោះ គឺ​ជា​ការ​ចង់​បាន​របស់​យើង ហើយ​នោះ គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​តែ​មួយ​គត់​របស់​យើង​ចំពោះ​អ្នក​ដទៃ។ នា​ឱកាស​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជា​តំណាង​ឲ្យ​រាជ​រដ្ឋាភិបាល​ដែល​បាន​ចូលរួម​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា ក៏​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា និង​សហរដ្ឋ​អាមេរិក មាន​ការ​រីក​ចម្រើន។ លោក​បញ្ជាក់​ថា កម្ពុជា នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ ឲ្យ​រីក​ចម្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ ក៏​បាន​ទទួល​ស្គាល់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជំរុញ​ឲ្យ​មាន​សេដ្ឋកិច្ច​លូតលាស់ និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​យ៉ាង​នេះ​ក្តី មន្ត្រី​សង្គម​ស៊ីវិល ក៏​បាន​ទទូច​ដល់​សហរដ្ឋ​អាមេរិក ត្រូវ​ជួយ​ជំរុញ​បន្ថែម​ទៀត ឲ្យ​មាន​នីតិរដ្ឋ មាន​លទ្ធិប្រជាធិបតេយ្យ និង​មាន​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នៅ​កម្ពុជា។ រីឯ​ក្រុម​និស្សិត​ដែល​បាន​អញ្ជើញ​ចូលរួម បាន​ហៅ​ការ​រៀបចំ​ទិវា​មាន​មនុស្ស​ពី​ច្រើន​ស្ថាប័ន ទាំង​រដ្ឋាភិបាល សង្គម​ស៊ីវិល សិស្ស​និស្សិត និង​ជនជាតិ​អាមេរិក បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កិច្ច​សហប្រតិបត្តិការ​ល្អ និង​ទំនាក់ទំនង​ស្និទ្ធស្នាល រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ ជា​ពិសេស ភាព​ស្និទ្ធស្នាល​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ។ យ៉ាង​ណា​ក៏ដោយ ទាំង​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក បាន​ទទួល​ស្គាល់​ថា រយៈពេល ២​ទសវត្ស​កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា សម្រេច​បាន​នូវ​ភាព​ជឿនលឿន​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​ថា សមិទ្ធផល​ទាំង​នេះ គឺ​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា គួរ​តែ​មាន​មោទនភាព។ បន្ថែម​លើ​នេះ លោក វីល្លៀម ថត បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា លើ​គ្រប់​វិស័យ​ឲ្យ​បាន​ស្និទ្ធស្នាល​ថែម​ទៀត។ ហើយ​ថា សហរដ្ឋ​អាមេរិក រង់ចាំ​បំពេញ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​រួម​របស់​យើង៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Facebook Themes