អត្ថបទ និង រូបភាព RFI Khmer:
តុលាការសាលាក្តីកូនកាត់ខ្មែរក្រហម ចាប់ផ្តើមនីតិវធីឆ្លើយដោះបន្ទុកលើសំណុំរឿង ០០២ ដំណាក់កាលទី១ នៅថ្ងៃចន្ទស្អែកនេះ ដែលជាដំណាក់កាលចុងក្រោយដើម្បីឈានទៅដល់ការ ប ញ្ច ប់សុំណុំរឿង ០០២នេះ នៅចុងខែកក្កដាខាងមុខនេះ។ សំណុំរឿងតផ្តោតលើសហឧក្រិដ្ឋរួម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងតួនាទីជនជាប់ចោទក្នុងរបបខ្មែរក្រហម។
មេធាវីការពារក្តីរបស់ជនជាប់ចោទ នួន ជា និង ខៀវសំផង អតីតបងធំក្នុងរបបខ្មែរក្រហម នៅថ្ងៃចន្ទ ទី៨ កក្កដា នឹងចាប់ផ្តើមនីតិវិធីឆ្លើយដោះបន្ទុកការពារកូនក្តីរបស់ខ្លួន ក្នុងដំណាក់កាលចុងក្រោយ ដើម្បីបិទបញ្ចប់ សំណុំរឿង០០២ តំណាក់កាលទី១ ។ នេះបើយោងតាម លោកនេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នីតិវិធីដោះបន្ទុកនេះនឹងត្រូវចំណាយរយៈពេលពីរថ្ងៃ គឺថ្ងៃចន្ទទី៨ កក្កដា និង ថ្ងៃអង្គារទី៩ កក្កដា ដែលមេធាវីកាពារក្តីរបស់ជនជាប់ចោទទាំងពីរនេះ ត្រូវរកភស្តុតាង និងឯកសារដើម្បីដោះបន្ទុកកូនក្តីរបស់ខ្លួន លើភស្តុតាង និងឯកសារដាក់បន្ទុករបស់សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហម។ សាលាក្តីខ្មែរក្រហម ដែលគ្រោង នឹងបិទបញ្ចប់សំណុំរឿង០០២ ដំណាក់ទី១ លើបទចោទ សហឧក្រិដ្ឋរួម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងតួនាទីជនជាប់ចោទក្នុងរបបខ្មែរក្រហម នៅចុងខែកក្កដា ២០១៣ ខាងមុខនេះ។
សូមបញ្ជាក់ថា ក្នុងសុំណុំរឿង ០០២នេះ លោក នួន ជា ដែលជាអតីតប្រធានសភាខ្មែរក្រហម និង លោកខៀវ សំផន ប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ ដែលធា្លប់តែរក្សាសិទ្ធរបស់ខ្លួនមិនឆ្លើយតបទៅនឹងសំណួររបស់តុលាកានោះ បានផ្លាស់ប្តូរគោលជំហររបស់ខ្លួនថា នឹងឆ្លើយតបរាល់ការចោទសួររបស់គ្រប់ភាគីទាំងអស់ ដែលអាចនឹងប្រព្រឹត្តទៅ នៅចុងខែកក្កដាខាងមុខនេះផងដែរ។
តែទោះជាយ៉ាងណា លោក នេត្រ ភក្ត្រា បញ្ជាក់ថា សុំណុំរឿង ០០២ ដំណាក់កាលទី១នេះ តុលាការខ្មែរក្រហមនឹងប្រកាសសាលក្រមជាស្ថាពររបស់ខ្លួន ក្នុងអំឡុងត្រីមាសទី១ ក្នុងឆ្នាំ២០១៤ បន្ទាប់ពី សេចក្តីសន្និដ្ឋានលើសំណុំរឿង០០២ ដំណាក់កាលទី១ នឹងធ្វើឡើងក្នុងអំឡុងខែតុលា វិច្ឆិកាឆ្នាំ២០១៣ ។
តើការឡើងការពារក្តីរបស់មេធាវីជនជាប់ចោទ លោក នួនជា និងលោក ខៀវ សំផន នៅថ្ងៃចន្ទនេះ អាចនឹងដោះបន្ទុកលើភស្តុតាង និងឯកសាររបស់តុលាការខ្មែរក្រហមបានកម្រិតណា?
យើងនឹងដឹងនៅថ្ងៃចន្ទនេះ៕