អត្ថបទ និង រូបភាព RFI Khmer:
បណ្តាញសហគមន៍ប្រជាពលរដ្ឋបានរៀបចំសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បង្ហាញអំពីការប្រើប្រាស់អំណាចតុលាការ ដើម្បីគំរាមកំហែងមកលើអ្នកការពារសិទ្ធិមនុស្ស និងអ្នកការពារធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។ ក្រុមបណ្តាញសហគមន៍ប្រជាពលរដ្ឋបានទាមទារអោយមានការបញ្ឈប់ការចោទប្រកាន់ ចាប់ខ្លួន និងទាមទារអោយដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងលំនៅដ្ឋាន ដែលរួមមាន៖ លោកគុជ វែង និងអ្នកស្រីយ៉ោម បុប្ជា ផងដែរ។
សកម្មជនការពារសិទ្ធិមនុស្ស ការពារសិទ្ធិដីធ្លី និងធនធានធម្មជាតិ មកពីតាមបណ្តាខេត្ត-ក្រុង
មួយចំនួននៃប្រទេសកម្ពុជា បានសម្តែងនូវការព្រួយបារម្ភអំពីការបំភិតបំភ័យ និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ អ្នកមានអំណាច និងមន្ត្រីតុលាការមួយចំនួនដែលបានឃុបឃិតគ្នា។
ការបញ្ចេញការព្រួយបារម្ភដែលបានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ ដែលរៀបចំនៅឯការិយាល័យអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៣ បានធ្វើឡើងបន្ទាប់ពីសកម្មជនដីធ្លីចុងក្រោយមួយរូបគឺលោក គុជ វែង ត្រូវបាននគរបាលឃាត់ខ្លួន ហើយបញ្ជូនទៅដាក់ពន្ធនាគារខេត្តពោធិសាត់ កាលពីថ្ងៃទី១៩ ឧសភា
ឆ្នាំ២០១៣។
លោក ថេង សាវឿន តំណាងសហគមផ្ទះសាមគ្គី បានប្រាប់អ្នកកាសែតឲ្យដឹងថា ក្រុមអ្នកមានលុយ មានអំណាច ចាប់ផ្តើមប្រើប្រព័ន្ធតុលាការធ្វើការគាបសង្កត់ដល់សកម្មជនតវ៉ាដីធ្លី សកម្មជនការពារធនធានធម្មជាតិ និងការពារសិទ្ធិមនុស្ស ដោយមានការចោទប្រកាន់ធ្ងន់ធ្ងរ
ទាក់ទងទៅនឹងបទព្រហ្មទណ្ឌ។ លោក ថេង សារឿន បញ្ជាក់ថា ទង្វើបែបនេះគឺជាការបំបិទ
សេរីភាពដល់សកម្មជន។ ជាមួយនឹងការពោលបែបនេះ លោកបានលើកឧទាហរណ៍
ជាក់ស្តែងលើករណី លោក គុច វែង, លោកស្រី យ៉ោម បុផ្ផា និងកម្មករនៅរោងចក្រ
សាប៊្រីណាជាដើម ដោយពិព័ណ៌នាថា សុទ្ធសឹងជាចំណុចធ្ងន់ធ្ងរសម្រាប់ឆ្នាំ២០១៣នេះ។ បន្ថែមពីនេះ លោក ម៉េង ប៊ុនរឿន, តំណាងសហគមន៍ខេត្តពោធិសាត់ បានឲ្យដឹងថា សកម្មជនមួយរូបៗរងការកោះហៅពី២ទៅ៣ដង នៅស្រុកក្រគរខេត្តពោធិសាត់ ដោយសារតែសកម្មភាពការពារដីធ្លីប្រឈមជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នៅទីនោះ។
មន្ត្រីឃ្លាំមើលនិងស៊ើបអង្កេតបញ្ហាដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក បានអន្តគមន៍ផងដែរ ដោយហៅបញ្ហានេះថា ជាការធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សកាន់តែចុះខ្សោយ និងដោយសារពុំមានច្បាប់ការពារចំពោះអ្នកដែលហ៊ានតវ៉ាការពារធនធានធម្មជាតិនិងសិទ្ធិរបស់ខ្លួន ដែលនេះខុសទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិ។
ដោយឡែកលោក ផៃ ស៊ីផាន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីបានប្រាប់វិទ្យុ RFI ថា
ជាបញ្ហាដែលគេលើកឡើងដដែលៗ ដោយមិនមានប្រជាពលរដ្ឋណាម្នាក់ហ៊ានចេញមុខប្តឹង
ទៅបុគ្គលតុលាការដើម្បីប្រឈមមុខគ្នាឡើយ។ ដោយគិតពីការឲ្យតម្លៃខ្ពស់ទៅលើប្រព័ន្ធតុលាការ ដោយរដ្ឋធម្មនុញ្ញ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា សង្គមស៊ីវិលតែងប្រើពេលវេលាបង្ហើរវោហាសាស្ត្របំផ្លាញប្រព័ន្ធតុលាការប៉ុណ្ណោះ។
យោងតាមរបាយការណ៍នៃអង្គការអាដហុក មានករណីតិចតួចទេបើធៀបទៅនឹងឆ្នាំ២០១៣ ករណីចាប់ខ្លួននិងគំរាមកំហែងទៅលើសកម្មជនការពារដីធ្លី សិទ្ធិមនុស្ស និង
ធនធានធម្មជាតិ គឺមានតែ ២៧នាក់ប៉ុណ្ណោះ ហើយជាសរុប មានរហូតដល់៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ៕