អត្ថបទ និង រូបភាព RFI khmer:
នៅថ្ងៃសុក្រម្សិលមិញនេះ ប្រទេសវេណេស៊ុយអេឡាបានប្រកាសជាផ្លូវការផ្តល់ជំរកមនុស្សធម៌ដល់ EWard Snowden អតីតបុគ្គលិកបំរើការងារនៅទីភ្នាក់ងារសំងាត់អាមេរិកCIAដែលជាអ្នកទំលាយឯកសារសំងាត់ស្តីពីការស៊ើបការរបស់អាមេរិកទៅលើមន្ត្រីការទូតនានានៅសហភាពអឺរ៉ុប ។ បួនខែបន្ទាប់ពីមរណភាពរបស់អតីតប្រធានាធិបតី Hugo Chavez ការប្រកាសផ្តល់ជំរកដល់ Sno wden នៅថ្ងៃសុក្រម្សិលមិញនេះ មិនមែនជាការចៃដន្យនោះឡើយ ជាពិសេស។ គួររំលឹកថា ថ្ងៃសុក្រទី៥ កក្កដា គឺជាថ្ងៃរំលឹកបុណ្យឯករាជ្យជាតិវេណេស៊ុយអេឡា។
កាលពីជាង១០ថ្ងៃមុន ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ធ្លាប់បានបង្ហាញអោយដឹងរួចមកហើយ នូវគោលបំណងចង់ផ្តល់ជំរកជ្រកកោនអោយដល់ EWard Snowden នៅលើទឹកដីវេណេស៊ុយអេឡា។ ប៉ុន្តែ ប្រធានាធិបតីនៅអាមេរិកឡាទីនរូបនេះនៅមិនទាន់ប្រាប់អ្វីអោយច្បាស់លាស់នៅឡើយ។
បន្ទាប់ពីនោះមក ភាពតានតឹងនិងកំហឹងបានចាប់ពុះពោរឡើង ពិសេសគឺនៅថ្ងៃ៣កក្កដា កន្លងមក គឺនៅពេលដែលអឺរ៉ុបបានបង្ខំយន្តហោះប្រធានាធិបតី Evo Morales នៃប្រទេសបូលីវី អោយចុះចតនៅប្រទេសអូទ្រីស។ អឺរ៉ុបសង្ស័យថា យន្តហោះនេះមានដឹក EWard Snowden អតីតបុគ្គលិកបំរើការងារនៅទីភ្នាក់ងារសំងាត់អាមេរិកCIA ដែលអាមេរិកស្វែងរកចាប់ខ្លួននោះ។ ប្រធានាធិបតី៦រូបបានប្រជុំគ្នានៅប្រទេសបូលីវីទាមទារអោយបារាំង អេស្ប៉ាញ និងព័រទុយហ្កាល់ ធ្វើការសុំអោសចំពោះទង្វើនេះ ព្រោះថាវាអាចបង្កជាគ្រោះថ្នាក់ដល់អាយុជិវិតប្រធានាធិបតីបូលីវី។
នៅក្នុងជំនួបប្រជុំប្រធានាធិបតីទាំង៦រូបនេះ ប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro បានទូន្មានប្រធានាធិបតីបូលីវី Evo Morales មិនអោយធ្វើការទុកចិត្តសហរដ្ឋអាមេរិក។ លោក Maduro លើកឡើងថា “អាណាចក្រអាមេរិកខាងជើងបានក្លាយខ្លួនទៅជាឆ្កួតលីលា ព្រោះតែក្មេងម្នាក់នេះនិយាយប្រាប់តែពីការពិតទាក់ទងនឹងការស៊ើបការសំងាត់ដ៏លើសលុបរបស់ប្រទេសដែលចង់ត្រួតត្រាពិភពលោកទាំងមូលនេះ” ៕