អត្ថបទ និង រូបភាព www.khmer.rfi.fr:
នៅប្រទេសវៀតណាម កាសែតបានចុះផ្សាយដំណឹងមរណភាពរបស់លោកឧត្តមសេនីយ វ៉ ង្វៀនយ៉ាប់ កាលពីល្ងាចថ្ងៃសុកម្សិលមិញ។ លោកវ៉ ង្វៀនយ៉ាប់ត្រូវបានប្រជាជនវៀតណាមចាត់ទុកជាវីរជនរបស់ពួកគេ មួយរូប បន្ទាប់ពីលោកហូ ជីមិញ ត្រូវbqn ពិភពលោកចាត់ទុកជាមេទ័ពសង្រ្គាមដ៏វ័យឆ្លាត ប្រចាំសតវត្សរ៍ទី ២០។
យុទ្ធសាស្រ្តសង្រ្គាមរបស់លោកឧត្តមសេនីយ៍យ៉ាប់ ត្រូវបានចុះកត់ត្រា នៅក្នុងប្រវត្តិសាស្រ្តសង្រ្គាម។ វា បានធ្វើឲ្យវៀតណាមយកឈ្នះលើមហាអំណាចគ្រាក់ៗ ដូចជាបារាំង និងអាមេរិក ដែល ជាមហាអំណាចសំបូរសព្វាវុធទំនើបៗ។ កាលពីឆ្នាំ ១៩៥៦ ឧត្តមសេនីយ៍ វ៉ ង្វៀនយ៉ាប់ ជាមេគំនិត រៀបចំបង្កើតយុទ្ធសាស្រ្ត រហូតប្រយុទ្ធឈ្នះលើកងទ័ពបារាំង នៅសមរភូមិ ឌៀន បៀនហ្វូ។ បរាជ័យយ៉ាងអាម៉ាស់មុខរបស់បារាំង នៅសមរភូមិ ឌៀន បៀនហ្វូ បាននាំទៅដល់ការរលាយបាត់ជាបន្តបន្ទាប់ របបអាណានិគមបារាំងក្នុងពិភពលោក។
ឧត្តមសេនីយ៍យ៉ាប់បានប្រើយុទ្ធសាស្រ្តស្រដៀងគ្នានេះ ដើម្បីប្រយុទ្ធបណ្តេញអាមេរិកាំងចេញពីវៀតណាមភាគខាងត្បូង នៅឆ្នាំ ១៩៧៥។
វ៉ ង្វៀនយ៉ាប់ជានិស្សិតពូកែ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ នៅហាណូយ
វ៉ ង្វៀនយ៉ាប់កើតឆ្នាំ ១៩១១ នៅខេត្តគ័ងប៊ិញ នៅក្នុងត្រកូលកសិករមួយដែលឪពុកចេះអានអក្សរតិចតួច។ កាលពីនៅវ័យជំទង់ ង្វៀនយ៉ាប់ មិនដែលបានចូលរៀនសាលាយោធាឯណាទេ។ យ៉ាប់គ្រាន់តែជាគ្រូបង្រៀនប្រវត្តិសាស្រ្តបារាំង នៅវិទ្យាល័យឯកជនដែលសំបូរដោយក្រុមអ្នកតស៊ូ ជាតិនិយមប្រឆាំងអាណានិគមនិយមបារាំង។ បន្ទាប់ពីត្រូវបារាំងចាប់ដាក់គុកពីរឆ្នាំ ដោយសារសកម្មភាពជាតិនិយម (ប្រពន្ធរបស់គាត់ស្លាប់នៅក្នុងគុកបារាំង) ង្វៀនយ៉ាប់បានបង្កើនសកម្មភាពរបស់គាត់ នៅក្នុងបក្សកុម្មុយនិស្តវៀតណាមដែលបង្កើតឡើងដោយហូ ជីមិញ។ នៅឆ្នាំ ១៩៤០ គឺបន្ទាប់ពី បានជួបជាលើកទីមួយ នៅប្រទេសចិន ហូ ជីមិញ បានចាត់តាំងឲ្យវ៉ ង្វៀនយ៉ាប់បង្កើតក្រុមយោធាការពារខ្លួន និងកងទ័ពប្រជាជនវៀតណាម។
នៅពេលចប់សង្រ្គាមលោកលើកទីពីរ គឺ បន្ទាប់ពីដេញជប៉ុនចេញពីវៀតណាម ហូ ជីមិញបានប្រកាសវៀតណាម ជាសាធារណរដ្ឋប្រជាធិបតេយ្យ។ ប៉ុន្តែ ដោយសារតែបារាំងនៅមិនព្រមប្រគល់ឯករាជ្យដោយបរិបូរ ហូ ជីមិញ និង វ៉ ង្វៀនយ៉ាប់ ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្កើតចលនាទ័ពព្រៃលបវាយប្រហារទៅលើកងទ័ពបារាំង។
យុទ្ធសាស្រ្តសង្រ្គាមដ៏ល្បីឈ្មោះរបស់ឧត្តមសេនីយ៍យ៉ាប់ គឺការវាយសម្រុកផ្ទួនៗទៅលើ តាំងជាច្រើនរបស់សត្រូវក្នុងពេលតែមួយ។ តាមសៀវភៅសង្រ្គាមប្រជាជន និងកងទ័ពប្រជាជនដែលគាត់បានសរសេរ នៅឆ្នាំ ១៩៦២ គឺ៦ឆ្នាំ ក្រោយបារាំងចាញ់សង្រ្គាមនៅឌៀន ប៊ៀនហ្វូ គេមើលឃើញថា យ៉ាប់បានយកតម្រាប់តាមយុទ្ធសាស្រ្តធ្វើសង្រ្គាមរបស់អធិរាជបារាំង ណាប៉ូឡេអុងផង និងធ្វើតាមយុទ្ធសាស្រ្តរបស់មេចលនាជាតិនិយមកន្លងមករបស់វៀតណាមផង។ គឺក្រុមចលនាជាតិនិយមវៀតណាមដែលបានបង្រៀនគាត់ពីសិល្បៈធ្វើសង្រ្គាម ដូចជាការចេះប្រើស្ថានភាពជាក់ស្តែងនៅលើទីតាំង ចេះប្រើបណ្តាញឥណ្ឌូចិន និងចេះទាក់ទាញសត្រូវឲ្យចូលក្នុងអន្ទាក់របស់ខ្លួន។
វ៉ ង្វៀនយ៉ាប់ ប្រើយុទ្ធសាស្រ្តភ្ញាក់ផ្អើលរបស់អធិរាជណាប៉ូឡេអុងដើម្បី វាយសម្រុកលើកងទ័ព បារាំង នៅឌៀនប៊ៀនហ្វូ។ ក្រោយប្រយុទ្ធរាប់ខែ នៅទីបំផុត កងទ័ពព្រៃវៀតណាម បានប្រើកាំភ្លើងធំៗទំនើបរបស់អាមេរិកាំង វាយជញ្រ្ជុំកម្ទេចទីតាំងទ័ពបារាំង។ ចុងក្រោយ គឺកងទ័ពអាវខ្មៅ ដែលរត់ប្រសាច ចេញពីលេនដ្ឋានក្រោមដី (ដែលគេលួចបង្កើតឡើងតាំង តាំងពីយូរមកហើយ) វាយប្រហារទៅលើកងទ័ពបារាំងឲ្យបរាជ័យ នៅឆ្នាំ ១៩៥៦។
ឧត្តមសេនីយ៍ យ៉ាប់ បានប្រើយុទ្ធសាស្រ្តស្រដៀងគ្នានេះ ដើម្បីបណ្តេញទ័ពអាមេរិកាំងចេញពីវៀតណាមខាងត្បូង។ អាមេរិកបានប្រើសព្វាវុធទំនើប និងទម្លាក់គ្រាប់B ៥២ ជាច្រើនសែនតោន ទៅលើតំបន់ជ្រកលាក់ខ្លួនរបស់ទ័ពវៀតណាម ដែលភាគច្រើន ស្ថិតនៅលើទឹកដីឡាវ និងកម្ពុជា។ អាមេរិកដែលបានបោះទីតាំងនៅវៀតណាមខាងត្បូងដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលកុម្មុយនិស្តនៅអាស៊ី មានការភ្ញាក់ផ្អើលខ្លាំងនឹងវត្តមានដូចស្រមោចរបស់ទ័ពវៀតណាម។
ឧត្តមសេនីយ៍ យ៉ាប់ កាលណោះ ដែលបានគំាទ្រចលនាទ័ពព្រៃវៀតកុង ដែលជាកម្លាំងចេញពីវៀតណាមភាគខាងត្បូង និងបានប្រើយុទ្ធសាស្រ្តដដែល គឺជីកលេនដ្ឋាន និងបង្កើតចលនាតស៊ូនៅក្នុងព្រៃតាំងពីវៀតណាមខាងជើង រហូតដល់ខាងត្បូង ដោយបានប្រើទឹកដីឡាវ និងកម្ពុជា។ នៅក្នុងសង្រ្គាមអាមេរិកាំងនៅវៀតណាម ដែលមានរយៈពេលជិត១០ឆ្នាំ គេប៉ាន់ ស្មានប្រជាជនវៀតណាមខាងជើងប្រមាណ៣លាននាក់បានស្លាប់នៅក្នុងសង្រ្គាម ចំណែក ខាងត្បូងមានជាង២សែននាក់ នៅពេលអាមេរិកបាត់បង់ជីវិតទ័ពរបស់ខ្លួនជិត៦ម៉ឺននាក់ មុននឹងទម្លាក់អាវុធដកខ្លួនចេញពីវៀតណាម។
ដោយសារតែមានស្លាប់មនុស្សច្រើន លោកឧត្តមសេនីយ៍យ៉ាប់ត្រូវអាមេរិកចោទជាមេទ័ពសង្រ្គាមផ្តាច់ការ មិនខ្វល់ពីជីវិតមនុស្ស។ ប៉ុន្តែ លោកយ៉ាប់ធ្លាប់ឆ្លើយតបទៅវិញថា វៀតណាមត្រៀមអាចចំណាយជីវិតមនុស្ស ៥ ឬ១០លាននាក់ គឺធ្វើយ៉ាងម៉េចដើម្បីដណ្តើមឯករាជ្យ រួចផុតពីការត្រួតត្រារបស់ប្រទេសដទៃ។
បាត់មុខ ក្រោយពីឈ្នះសង្រ្គាមលើអាមេរិក និងបារាំង
យុទ្ធសាស្រ្តធ្វើសង្រ្គាមរបស់លោកឧត្តមសេនីយ៍យ៉ាប់ត្រូវបានពិភពលោកទទួលស្គាល់ ប៉ុន្តែ នៅវៀតណាម កេរ្តិ៍ឈ្មោះរបស់គាត់បានបង្កជាក្តីកង្វល់របស់បក្សកុម្មុយនិស្តវៀតណាម។ តាំងតែពីហូ ជីមិញស្លាប់ នៅឆ្នាំ ១៩៦៩ ឧត្តមសេនីយ៍យ៉ាប់ ត្រូវបានការិយាល័យនយោបាយបក្ស ដាក់នៅគន្លៀតជញ្ជាំង ។ លោកត្រូវគេដកហូតតំណែងពីរដ្ឋមន្រ្តីការពារជាតិ ពីមេបញ្ជាការកងទ័ពវៀតណាម នៅឆ្នាំ ១៩៧៩។ នៅឆ្នាំ ១៩៩១ គាត់បានលាលែងចេញពីតំណែងឧបនាយករដ្ឋមន្រ្តី ហើយ គេលែងសូវលឺឈ្មោះគាត់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរហូតមក។
ទើប នៅឆ្នាំ ២០១១ នៅខួបកំណើត១០០ឆ្នាំ គេទើបឃើញមុខលោកឧត្តមសេនីយ៍យ៉ាប់ ឡើងវិញ ដែលបានទទួលការគោរព ពីមេដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនិស្តវៀតណាម។ រដ្ឋាភិបាល បានបង្កើតសារមន្ទីរមួយដោយដាក់ឈ្មោះ របស់លោកយ៉ាប់។ គួរដឹងថា បើទោះជាលែងមានតំណែងនៅក្នុងរដ្ឋាភិបាល លោកឧត្តមសេនីយ៍យ៉ាប់នៅតែស្រឡាញ់ចូលចិត្តពីប្រជាជនវៀតណាម នោះដោយសារតែស្នាដៃរបស់គាត់ដែលធ្វើឲ្យវៀតណាមឈ្នះសង្រ្គាមលើបារាំង និងអាមេរិក។
មួយវិញទៀត លោកយ៉ាប់ កាលនៅរស់ ធ្លាប់បានចេញមុខសរសេរសំបុត្រទៅការិយាល័យនយោបាយបក្សដើម្បីប្រឆាំងនឹងអាជីវកម្មជីកយករ៉ែរបស់ក្រុមហ៊ុនចិននៅវៀតណាម។ ប្រជាជនដែលប្រឆាំងនឹងគម្រោងចិន បានចេញមុខគាំទ្រសកម្មភាពរបស់លោកយ៉ាប់។ ប្រជាប្រិយភាពរបស់ឧត្តមសេនីយ៍យ៉ាប់ និងជំហររិះគន់របស់គាត់ទៅលើរដ្ឋាភិបាល ធ្វើឲ្យមេដឹកនាំបក្សកុម្មុយនិស្តវៀតណាមទើសទាល់។ ប៉ុន្តែ ចាប់តាំងពីថ្ងៃសុក្រម្សិលមិញ កង្វល់របស់បក្សកុម្មុយនិស្តបានរលាយសាបសូន្យ ទៅជាមួយព្រលឹងដែលបានចាកឃ្លាតពីរូបកាយរបស់ព្រឹទ្ធាចារ្យមេសង្រ្គាម វ៉ ង្វៀនយ៉ាប់រៀងរហូតហើយ៕