អត្ថបទ និង រូបភាព www.khmer.rfi.fr:
គម្រោងនៃការជួបជុំរបស់គណបក្សសង្គ្រោះជាតិនៅលើទីលានប្រជាធិបតេយ្យនៅរសៀលថ្ងៃអាទិ ត្យទី៦តុលានេះមិនផ្លាស់ប្តូរឡើយ។ តាមគម្រោង មនុស្សប្រមាណ២ម៉ឺននាក់ត្រូវបានអំពាវនាវអោយចូលរួមក្នុវេទិកាមហាជនរបស់គណបក្សនេះ ប៉ុន្តែមន្ត្រី របស់គណបក្សនេះព្រួយបារម្ភអំពីភ្លៀងធ្លាក់ដែលអាចរំខានដល់ការជួបជុំរវាងអ្នកគាំទ្រ និងមេដឹកនាំគណបក្សសង្គ្រោះជាតិ។
ដោយសារតែអាកាសធាតុមិនអំណោយផល ដោយមានភ្លៀងធ្លាក់រាល់ថ្ងៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានស្នើសុំទៅសាលារាជធានីភ្នំពេញដើម្បីពួកគេអាចសាងសង់រោងពីល្វែងនៅលើទីលានប្រជាធិបតេយ្យសម្រាប់អោយអ្នកចូលរួមសមាជមហាជនបានជ្រកភ្លៀង ក្នុងករណីដែលមានភ្លៀងធ្លាក់នៅរសៀលថ្ងៃអាទិត្យនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ លោកហូ វ៉ាន់ដែលជាអ្នកទទួលបន្ទុកក្នុងការរៀបចំការងារជួបជុំមហាជននេះបានប្រាប់វិទ្យុបារាំងអន្តរជាតិព្រឹកថ្ងៃអាទិត្យនេះថា សាលារាជធានីភ្នំ ពេញ បានអនុញ្ញាតអោយសង់រោងនៅលើទីលានប្រជាធិបតេយ្យហើយ។ លោកហូ វ៉ាន់ដែលបានសំដែងការព្រួយបារម្ភអំពីការរំខានដល់វេទិកាជួបជុំនៅរសៀលថ្ងៃអាទិត្យនេះដោយសារភ្លៀងធ្លាក់នោះបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិបានសង់រោងវែងពីរ អមជាមួយដើមឈើ នៅសងខាងលើទីលានប្រជាធិបតេយ្យ។
នៅរសៀលថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិត្រូវរៀបចំសមាជមហាជនដែលនឹងចាប់ផ្តើមនៅម៉ោង២។ មនុស្ស២ម៉ឺននាក់ត្រូវបានគេរំពឹងថានឹងមកជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យនេះដើម្បីស្តាប់ជំហរ និងសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិក្នុងយុទ្ធនាការមួយដែលគណបក្សជំទាស់ហៅថា ការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
នៅក្នុងវេទិកាមហាជនដែលនឹងត្រូវបិទបញ្ចប់នៅម៉ោង៦ល្ងាចនោះ អ្នកចូលរួមជាតំណាងកម្មករ កសិករ និស្សិត អាជីវករ មន្ត្រីរាជការ និងព្រះសង្ឃនឹងត្រូវឡើងសំដែងមតិជុំវិញគោលជំហររបស់គណបក្សសង្គ្រោះជាតិ។
គួររម្លឹកថា ក្រៅពីវេទិកាមហាជននៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិក៏រៀបចំការជួបជុំមួយទៀតនៅថ្ងៃទី២៣តុលាដើម្បីអំពាវនាវអោយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀ ងទីក្រុងប៉ារីសស្តីពីកម្ពុជា ពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនេះ ទាក់ទងនឹងការបោះឆ្នោត ការគោរពសិទ្ធិមនុស្ស និងបូរណភាពទឹកដីជាដើម។ នេះបើតាមការរៀបរាប់របស់លោកហូ វ៉ាន់ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ៕