អត្ថបទ និង រូបភាព www.khmer.rfi.fr:
ដូចការគ្រោងទុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមួយក្រុមចេញទៅបំពេញទស្សនកិច្ចនៅប្រទេសបង់ក្លាដេស នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនានេះ។ អំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មានកិច្ចព្រមព្រៀងចំនួន៤ ដែលភាគីទាំងពីរគ្រោងចុះហត្ថលេខាជាមួយគ្នា។ នេះជាទស្សនកិច្ចលើកដំបូងរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមានបំណងទិញអង្ករ២សែនតោនក្នុងមួយឆ្នាំពីកម្ពុជា។
ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបង់ក្លាដេស មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់១៨មិថុនា។ ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនេះ ធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី ហ្សេក ហាស៊ីណា ( Sheikh Hasina) ក្នុងគោលដៅពង្រឹងទំនាក់ទំនងជាច្រើនវិស័យរវាងប្រទេសទាំងពីរ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសបានប្រាប់ឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានថា នាយករដ្ឋមន្ត្រីកម្ពុជានិងបង់ក្លាដេស នឹងជួបពិភាក្សាការងារជាមួយគ្នា និងធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ។ កិច្ចព្រមព្រៀងទាំងនោះជារួមមាន៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតគណៈកម្មការចម្រុះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី, អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និង បច្ចេកទេសក្នុងវិស័យកសិកម្ម, កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ និងកិច្ចព្រមព្រៀងស្តីពីការជំរុញ និង ការការពារវិនិយោគផងដែរ។
គណៈប្រតិភូដែលអមដំណើរនាយករដ្ឋមន្រ្តីរួមមាន លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ នេះជាលើកទី១ហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញទស្សនកិច្ចក្នុងប្រទេសបង់ក្លាដេស។ បង់ក្លាដេសគឺជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅក្នុងតំបន់អាស៊ីខាងត្បូងដែលមានប្រជាជនជាង ១៥០ លាននាក់។
កាលពីខែមករាឆ្នាំ ២០០១ នាយករដ្ឋមន្ត្រីបង់ក្លាដេស លោកស្រី ហ្សេក ហស៊ីណា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជារួចហើយ។ បន្ទាប់មក ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាកាលពីខែធ្នូ ឆ្នាំ ២០១០ រដ្ឋមន្ត្រីការបរទេសបង់ក្លាដេស លោកស្រី ឌីពូ ម៉ូនី បានអះអាងថា បង់ក្លាដេសចង់ទិញអង្ករពីកម្ពុជាចំនួន២សែនតោនក្នុងមួយឆ្នាំ។ កម្ពុជានិងបង់ក្លាដេស ក៏បានចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការផងដែរ កាលពីខែឧសភាឆ្នាំ ២០១៣ កន្លងទៅ៕